បើតាមលោកឱសថការី អាំង ហុកស៊្រុន ប្រធានការិយាល័យសុវត្តិភាពចំណីអាហារ នៃនាយកដ្ឋានឱសថចំណី អាហារបរិក្ខាពេទ្យ និងគ្រឿងសំអាងបានមានប្រសាសន៍ឲ្យដឹងថាចំណីអាហារដែលដាក់តាំងលក់នៅតាមសាលានានា នៅក្នុងរាជធានីភ្នំពេញមាន៨០ភាគរយមិនមានអនាម័យទេដែលធ្វើឲ្យសិស្សានុសិស្សទិញបរិភោគប៉ះពាល់ដល់សុខភាពពិសេសខ្វះអាហារូបត្ថម្ភទៀតផងដោយសារអ្នកលក់ប្រើខ្លាញ់ច្រើនពេក។
លោកបានបន្តថា «មានសិស្សប្រមាណពី៧០ទៅ៨០% បានទិញចំណីអាហារបរិភោគនៅក្នុងសាលា និងក្រៅសាលា ជាអាហារសំរាប់ពេលព្រឹកថ្ងៃត្រង់ និងពេលរសៀលហើយចំណីអាហារ ទាំងនោះមិនមានលក្ខណៈអនាម័យត្រឹមត្រូវនោះទេ»។
លោកបានបន្ថែមថា ដោយសារមើលឃើញបញ្ហាទាំងនេះហើយទើបក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានរៀបចំវគ្គបណ្តុះបណ្តាលមួយដើម្បីផ្តល់ចំណេះដឹងទាក់ទិននឹងសុវត្តិភាពចំណីអាហារដល់អ្នកលក់ចំណីអាហារនៅតាមសាលាបឋមសិក្សាកន្លងមកនេះ។
លោកឱសថការី អាំង ហុកស៊្រុន បានមានប្រសាសន៍ថាការបើកវគ្គបណ្តុះបណ្តាលដល់អ្នកលក់ចំណីអាហារនៅតាមសាលាបឋមសិក្សាបន្ទាប់ពីគេបានរកឃើញថាមានសិស្សសាលាមួយចំនួនធំពោលគឺដាក់លក់មិនមានអនាម័យដោយលក់មិនមានគំរបគ្របការពាររុយរោមលក់នៅជីតគំនរសំរាមប្រើប្រាស់ទឹកកក្វក់ក្នុងការលាងចំណីអាហារដោយសារតែសន្សំសំចៃទឹក។ក្រៅពីនេះមានអ្នកលក់ខ្លះបានប្រើប្រាស់ជាតិខ្លាញ់លើចំណីអាហារច្រើនរហូតដល់ខ្មៅដែលជាតោខ្លាញ់នេះវាក៏បានធ្វើឲ្យសិស្សានុសិស្សយើងមានបញ្ហាកង្វះអាហារូបត្ថម្ភផងដែរ។
លោកបានបញ្ជាក់ថា«ដើម្បីអភិវឌ្ឍកុមារសុវត្តិភាពចំណីអាហារអាហារូបត្ថម្ភ និងអនាម័យមានសារៈសំខាន់ណាស់។ ដូច នេះអ្នកលក់ដូរនៅតាមសាលាក៏មានតួនាទីសំខាន់ដែរក្នុងការធ្វើឲ្យកុមារមានសុខភាពល្អ»។
លោកបានបញ្ជាក់ថាសុវត្តិភាពចំណីអាហារមានសារៈសំខាន់ណាស់សំរាប់សុខភាពយើងតែការយល់ដឹងចំពោះបញ្ហានេះនៅមានកំរិតនៅឡើយ។ដូចនេះសូមអ្នកលក់ដូរតាមសាលាសូមធ្វើជាគំរូចាប់តាំងពីកន្លែងលក់ការវេចខ្ចប់ឲ្យបានល្អស្អាតអនាម័យដើម្បីសុខភាពសិស្សានុសិស្សរបស់យើង។ លោកមានប្រសាសន៍ថាបើចំណីអាហាររបស់ស្រុកយើងប្រកបដោយអនាម័យ និងមានសុវត្តិភាពនោះវាគឺជាការចូលរួមចំណែកក្នុងការទាក់ទាញភ្លៀវទេសចរណ៍ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិផងដែរ។
កាលពីពេលថ្មីៗនេះមន្ត្រីកាំកុងត្រូលនៅរាជធានីភ្នំពេញបានចុះនៅតាមសាលារៀនមួយចំនួនហើយបានរកឃើញថានំកញ្ចប់ដែលដាក់លក់់នៅតាមសាលាមិនមានសុវត្តិភាពឡើយមានខ្លះលក់ហួសកាលកំណត់ទៀតដែលនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសិស្ស។
ទាក់ទិននឹងបញ្ហានេះដែររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានជំរុញឲ្យមន្ត្រី នៃនាយកដ្ឋានកាំកុងត្រូល ទាំងអស់ ខិតខំប្រឹងប្រែងទប់ស្កាត់ ទំនិញគ្មានគុណភាពឆ្លងកាត់ព្រំដែន ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ជាជាងការចុះពិនិត្យទំនិញ គ្មានគុណភាព នៅតាមទីផ្សាររាប់ម៉ឺននៅម្ពុជានោះ ហើយថាការទប់ស្កាត់បានទំនិញ ឆ្លងដែនខូចគុណភាព គឺងាយស្រួលជាងការដើរតត្រុកតាមផ្សារ។
លោក ស៊ុន ចាន់ថុល បានថ្លែងទៀតថា «យើងត្រូវខិតខំប្រឹងប្រែង ធ្វើយ៉ាងណាការពារឲ្យបាន នូវសុវត្ថិភាពម្ហូបអាហារ។ ការការពារនេះ យើងមិនត្រឹមតែចុះពិនិត្យចំណីអាហារ តាមផ្សារទេ យើងត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ កុំឲ្យចូលមកដល់ក្នុងស្រុកយើង ទប់ស្កាត់នៅតាមព្រំដែន បើយើងទប់ស្កាត់មិនបាន ហើយយើងដើរត្រួតពិនិត្យផ្សាររាប់ម៉ឺនផ្សារ ពិបាកណាស់ ត្រូវចាប់នៅតាមព្រំដែនឲ្យហើយ កុំឲ្យចូលមកដល់ផ្សារនោះគឺល្អជាង»។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យមន្ត្រីកាំកុងត្រូល ធ្វើការពន្យល់ដល់ពាណិជ្ជករអំពីផលវិបាក នៃការនាំចូលទំនិញខូចគុណភាព និងហួសការបរិច្ឆេទឲ្យបានកាត់តែច្បាស់ ដើម្បីឲ្យពួកគាត់ដឹងថា នៅពេលដែលពួកគាត់នាំចូល អាចទទួលរងនៅការខាតបង់ទំនិញ ថវិការ និងអាចមានទោសទណ្ឌថែមទៀត។


Comments
Post a Comment